Goodreads helps you follow your favorite authors. Be the first to learn about new releases!
Start by following Kim Channa.

Kim Channa Kim Channa > Quotes

 

 (?)
Quotes are added by the Goodreads community and are not verified by Goodreads. (Learn more)
Showing 1-27 of 27
“ឣំពើរបស់យើងទៅលើឣ្នកដទៃ មិនសំខាន់ថាឈ្នះឬចាញ់នោះទេ តែសំខាន់នៅលើផ្លែផ្កាដែលទទួលបាន។”
Kim Channa
“រឿង ជាងធ្វើស្បែកជើងនិងសត្វលាចចេស (រឿងនិទានអេស្ប៉ាញ)
កាលពីព្រេងនាយ នៅក្រុងបាសេឡូណា មានជាងធ្វើស្បែកជើងម្នាក់ខំផលិតស្បែកជើងលក់ តែមិនសូវមានមនុស្សមកទិញប៉ុន្មានទេ ខ្លះរអ៊ូថាមិនស្អាត ខ្លះរអ៊ូថាយកស្បែកមិនល្អមកធ្វើ ខ្លះក៏ថាទឹកដៃមិនល្អជាដើម។ ក្រោយមកគេក៏សម្រេចចិត្តប្តូរទៅរកស៊ីនៅឯក្រុងម៉ាឌ្រីតវិញ ហើយរៀបចំអីវ៉ែអីវ៉ាន់និងស្បែកជើងទាំងប៉ុន្មានដាក់លើខ្នងលា ធ្វើដំណើទៅម៉ាឌ្រីត។ លុះធ្វើដំណើរមកដល់ផ្លូវបំបែក លានោះមិនព្រមដើរតាមផ្លូវដែលម្ចាស់បញ្ជាទេ វាចចេសទាញទៅរកផ្លូវមួយទៀតដែលវាចង់ទៅ ទីបំផុតជាងស្បែកជើងក៏បង្ខំចិត្តដើរទៅតាមផ្លូវរបស់សត្វលានោះទៅ។ លានាំម្ចាស់ដើរឆ្លងពីភ្នំមួយដល់ភ្នំមួយជាបន្តបន្ទាប់រកទីបញ្ចប់មិនឃើញ។ ជាងស្បែកជើងក៏បោះស្បែកជើងចោលម្តងមួយគូៗដើម្បើកុំឲ្យធ្ងន់រហូតនៅសល់តែមួយគូគត់។ លានាំទៅដល់ស្ទឹងមួយដែលមានទឹកហូរកួចយ៉ាងខ្លាំង ម្ចាស់ឃើញដូច្នេះក៏ខំអូសលាឲ្យបកទៅតាមផ្លូវចាស់វិញ តែលានៅតែមិនព្រម ហើយលុយទឹកបន្តទៅមុខ។ លុះពេលទៅដល់ពាក់កណ្តាលស្ទឹង ទឹកក៏កួចលាឲ្យដួលទៅក្នុងទឹក ម្ចាស់ក៏ចោលស្បែកជើងមួយគូចុងក្រោយ ដើម្បីជួយស្រោចស្រង់លាឲ្យរួចពីទឹក តែនៅតែជួយមិនរួច លាក៏ឈ្លក់ទឹកស្លាប់ទៅ។ ជាងស្បែកជើងក៏វិលត្រឡប់ទៅបាសេឡូណាវិញ ទាំងដើរបណ្តើរគិតបណ្តើរថា "ហ៊ឺ!... បើនៅតែបាសេឡូណា ប្រហែលលក់បានស្បែកជើងខ្លះ មិនពិបាកខាតបង់ទាំងស្បែកជើង អស់ទាំងលាមួយក្បាលទៀតផង" ។
អានរឿងនេះរួចសូមជួយវិភាគផងថា តើរឿងនេះចង់ផ្តល់ដំបូន្មានអ្វីខ្លះ? សូមអរគុណ!”
Kim Channa
“អំពីច្បាប់ ៖ ជាទូទៅមនុស្សភាគច្រើនទទួលស្គាល់តែច្បាប់ដែលមនុស្សកំណត់ ហើយភ្លេចគិតច្បាប់មួយទៀត ធ្វើឲ្យគេទៅជាមនុស្សឃោរឃៅឬមាន អាក្បកិរិយាចម្លែកៗ។ ច្បាប់មួយទៀតនោះគឺច្បាប់ធម្មជាតិ។ ឩទាហរណ៍ មនុស្សម្នាក់ទៅលួចបាយរបស់គេស៊ី បើតាមច្បាប់កំណត់ទង្វើបែបនេះចាត់ទុកថាខុសច្បាប់ តែបើតាមច្បាប់ធម្មជាតិ ពេលមនុស្សអត់ឃ្លានមកប្រព្រឹត្តបែបនេះគឺជារឿងត្រឹមត្រូវព្រោះដើម្បីសេចក្តីរស់រានតាមធម្មជាតិកំណត់ឲ្យ។ សំណាងល្អដែរដែលច្បាប់កំណត់ឲ្យមានទោសធ្ងន់ឬស្រាល។ តែទោះជាយ៉ាងណា មនុស្សដែលទទួលស្គាល់ ឬសំអាងតែលើច្បាប់កំណត់មួយមុខ ដោយមិនព្រមយកច្បាប់ធម្មជាតិឬសីលធម៌គុណធម៌មកគួបផ្សំពិចារណា អនាគតច្រើនតែបញ្ចប់ដោយសោកនាដកម្ម។ ខ្ញុំសង្ឃឹមថាអនុជនខ្មែរជំនាន់ក្រោយនឹងចងចាំច្បាប់ទាំងពីរនេះដើម្បីអភិវឌ្ឍខ្លួនឲ្យដល់ទីខ្ពស់បំផុត កុំឲ្យមានជញ្ជាំងឬពិតានមករារាំង ទើបយើងអាចបង្កើនសក្តានុពលស្តារកិត្តិយសបុព្វបុរសមកវិញ។”
Kim Channa
“ពេលខ្លះយើងអាចភ្លចរឿងម្យ៉ាងដែលងាយបំផុតហើយសំខាន់បំផុត...ក្នុងមួយថ្ងៃៗ មានកិច្ចការមួយចំនួនដែលយើងចំណាយពេលទៅលើវាដោយពុំមានផលប្រយោជន៍អ្វីទាល់តែសោះ... ហេតុនេះចំពោះរឿងខ្លះសូមសួរខ្លួនឯងថា ចុះបើមិនធ្វើវាទេតើនឹងមានអ្វីកើតឡើង? បើចម្លើយឆ្លើយថា គ្មានអ្វីកើតឡើងទេ នោះវាក៏បង្ហាញឲ្យយើងឃើញច្បាស់ណាស់ទៅហើយថាគឹជាការឥតប្រយោជន៍។ ហេតុនេះការសម្រេចចិត្តដ៏ល្អបំផុតគឹ ហ៊ានមិនធ្វើនូវអ្វីដែលមិននាំឲ្យកើតប្រយោជន៍។”
Kim Channa
“មានបងប្អូនជាច្រើនតែងសួរមកខ្ញុំថា "មុននឹងបោះពុម្ពសៀវភៅឬអត្ថបទអ្វីមួយតើគួរឲ្យស្ថាប័នណាត្រួតពិនិត្យ?" តាមមតិរបស់ខ្ញុំ ខ្ញុំថា ពិនិត្យតែខ្លួនឯង ហើយសុខចិត្តទទួលខុសត្រូវក៏ជាការស្រេច ព្រោះក្នុងច្បាប់រដ្ឋធម្មនុញ្ញចែងថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្របច្បាប់ក្នុងការបញ្ចេញមតិ ដូច្នេះការសរសេរអត្ថបទឬការសរសេរសៀវភៅគឺជាការបញ្ចេញមតិមួយបែប ហេតុនេះមិនចាំបាច់ត្រូវសុំអ្នកណាទេ ឬបើមាននរណាបង្គាប់បញ្ជាឲ្យសុំច្បាប់ នោះបានន័យថាគេមិនទាន់យល់ពីច្បាប់"សិទ្ធិបញ្ចេញមតិ"នៅឡើយទេ។ ប៉ុន្តែ អត្ថបទឬសៀវភៅនោះត្រូវតែមានបុគ្គលឬស្ថាប័នណាមួយទទួលខុសត្រូវ ព្រោះអត្ថបទខ្លះអាចបំពារបំពានទាំងអយុត្តិធម៌ទៅលើបុគ្គល ស្ថាប័ន ឬជាតិមួយ ដែលអាចមានការចោទសួរឬប្តឹងប្តល់ដើម្បីឲ្យធ្វើការបកស្រាយរកយុត្តិធម៌ តែនេះជារឿងដោយឡែកពីគ្នា មិនជាប់ទាក់ទងគ្នាទេ សិទ្ធិបញ្ចេញមតិជារឿងផ្សេង ឯការចោទសួរឬប្តឹងប្តល់ជារឿងផ្សឹង គេមិនអាចបិទសិទ្ធិបញ្ចេញមតិ តែគេមានសិទ្ធិប្តឹងបើការបញ្ចញមតិនោះប៉ះពាល់ដល់សិទ្ធិអ្នកដទៃទាំងមិនយុត្តិធម៌។ បន្ថែម ៖ យើងស្រមៃទៅមើល បើចាំបាច់ត្រូវមានស្ថាប័នត្រួតពិនិត្យបែបនេះ តើគេត្រូវការមនុស្សប៉ុន្មាននាក់ដើម្បីត្រួតពិនិត្យកាសែត វិទ្យុ ទូរទ្សន៍ ទស្សនាវដ្តី...ទូទាំងប្រទេសកម្ពុជា ហើយថាតើត្រូវឲ្យសកម្មប៉ុនណាដើម្បីឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងនោះ ចេញទាន់ព្រឹត្តិការណ៍ប្រចាំថ្ងៃ?”
Kim Channa
“THE POWER OF LOVE : "ប្រាជ្ញាជីវិត" សៀវភៅដំបូង តែក្របនេះបោះពុម្ពលើកទី ៧ ហើយ។ ក្នុងសិក្ខាសាលា សំណួរដំបូងរបស់សិក្ខាកាមដែលគុំចង់សួរមកយូរហើយគឺ តើលោកគ្រូធ្វើដូចម្តេចខ្លះទើបទទួលជោគជ័យជាអ្នកនិពន្ធ? ខ្ញុំឆ្លើយថា ខ្ញុំអត់ដឹងទេ គឺវាកើតឡើងដោយធម្មជាតិ តែខ្ញុំគ្រាន់តែចាំថា ខ្ញុំស្រឡាញ់សៀវភៅលើសពីអ្វីទាំងអស់ សូម្បីតែសម័យប៉ុលពតដែលជន្លៀសខ្ញុំឲ្យទៅនៅស្រែក៏ខ្ញុំឆ្លៀតប្រមូលសៀវភៅដាក់តាមខ្លួនរហូតដល់មួយបាវ(ព្រោះពីដំបូងមិនបានដឹងថាគេចង់កម្ទេចពួកសិស្សក្បាលរឹងឯណា តែក្រោយមកទើបភ័យខ្លួនក៏យកសៀវភៅទៅកប់ដី ហើយក៏ក្លាយជាចំណីកណ្តៀរអស់ទៅ) ក្រោយមកទៀត ក្នុងជីវិតរបស់ខ្ញុំ ខ្ញុំមិនដែលស្តាយលុយក្នុងការទិញសៀវភៅទេ ខ្ញុំសុខចិត្តអត់អ្វីផ្សេងលើកលែងតែបាយ (ប្រិយមិត្តអាចចោទខ្ញុំបាន ព្រោះខ្ញុំជាអ្នកលក់សៀវភៅ) បន្ទាប់មកខ្ញុំក៏សន្និដ្ឋានថា ជំហានទីមួយ គឺការស្រឡាញ់ការអាន អានដើម្បីក្រេបយកចំណេះពីសៀវភៅ ការតស៊ូអានដើម្បីសាងជីវិតខ្លួនឯងនេះហើយទើបធ្វើឲ្យយើងមានទិន្នន័យជាច្រើននៅក្នុងខួរក្បាល ហើយយើងមានទំនុកចិត្តថា បើគំនិតទាំងនោះវាជួយខ្លួនយើងបានហើយ ដូច្នេះវាក៏នឹងអាចជួយអ្នកដទៃបានដូចគ្នា បើសៀវភៅវាជាដុំមាសសម្រាប់ខ្លួនយើងបាន វាក៏អាចក្លាយជាដុំមាសសម្រាប់អ្នកអានបានដូចគ្នា ដូច្នេះហើយទើបខ្ញុំមានជំនឿថា សៀវភៅនេះមិនចោលលុយទេ ទោះមានបណ្ណាគារជាច្រើនប្រកែកមិនព្រមទទួលក៏ដោយ។ ទីបំផុតអ្នកអានក៏ចាប់ផ្តើមដឹងថាវាជាដុំមាសបន្តិចម្តងៗ។ មានវេជ្ជបណ្ឌិតម្នាក់នៅទួលសង្កែ ដែលខ្ញុំបានជូនសៀវភៅគាត់មួយក្បាល ក្រោយមកគាត់បានប្រាប់ខ្ញុំថា "បងឲ្យសៀវភៅខ្ញុំមួយក្បាលនេះមានតម្លៃថ្លៃលើសពី ១០០០ ដុល្លារទៅទៀត" ។ គឺសៀវភៅមួយនេះហើយដែលនាំឲ្យកើតមានសៀវភៅក្រោយៗជាបន្តរហូតមកដល់សព្វថ្ងៃ ដូច្នេះ កាលបើមានការស្រឡាញ់ជក់ចិត្តកើតឡើង មិនថាជាសៀវភៅទេ ទោះជារឿងអ្វីក៏ដោយ វានឹងជំរុញឲ្យមានការតស៊ូពុះពារកើតឡើងដោយស្វ័យប្រវត្តិ តែខ្ញុំសូមផ្តាំទុកជាមុន បើត្រឹមតែចង់ល្បីឈ្មោះ(ដើម្បីអត្តាផ្ទាល់ខ្លួន) ដោយគ្មានក្តីស្រឡាញ់ នោះធម្មជាតិនឹងមិនអាចជួយរុញច្រានយើងបានឡើយ។ តាមពិតក្នុងវិថីឈានទៅរកការតែងនិពន្ធវាមានកត្តារួមផ្សំជាច្រើនទៀតដែលខ្ញុំមានអត្ថបទចំនួន ១២ ទំព័រចែកឲ្យសម្រាប់ជាការជួយណែនាំ តែរឿងសំខាន់គឺ "ក្តីស្រឡាញ់"និង "កម្រិតខ្ពស់ឬទាប" របស់វាដែលជាជំហានដំបូងនេះឯង។”
Kim Channa
“អរគុណភាពអត់ឃ្លាន ដែលធ្វើឲ្យយើងខំប្រឹងប្រយុទ្ធតស៊ូ
អរគុណភាពក្រីក្រ ដែលធ្វើឲ្យយើងខំឧស្សាហ៍ព្យាយាម
អរគុណរាល់កំហុសឆ្គង ដែលធ្វើឲ្យយើងកាន់តែឆ្លាតជាងមុន
អរគុណក្តីច្រណែន ដែលធ្វើឲ្យយើងហ៊ានគិតប្រឌិតអ្វីថ្មីៗ
អរគុណពាក្យរិះគន់ ដែលធ្វើឲ្យយើងរីកចម្រើនជាលំដាប់
អរគុណភាពមិនចេះ ដែលធ្វើឲ្យយើងរកឃើញគ្រូពូកែៗ
អរគុណក្តីខកបំណង ដែលធ្វើឲ្យយើងតាំងស្មារតីក្រោកឈរសាជាថ្មី
អរគុណសត្រូវដ៏ខ្លាំងពូកែ ដែលធ្វើឲ្យយើងដឹងថាខ្លួននៅខ្សោយនៅឡើយ
អរគុណជំងឺដង្កាត់ ដែលធ្វើឲ្យយើងចេះថែរក្សាសុខភាព
អរគុណក្តីទុក្ខ ដែលធ្វើឲ្យយើងដឹងថាតើក្តីសុខមានតម្លៃដល់កម្រិតណា
អរគុណក្តីព្រាត់ប្រាស ដែលធ្វើឲ្យយើងចេះលះបង់ក្តីជាប់ជំពាក់
អរគុណសេចក្តីស្លាប ់ដែលធ្វើឲ្យឆាកចុងក្រោយនៃជីវិតមានលក្ខណៈ ពេញលេញ។”
Kim Channa
“ការកុហកខ្លួនឯង ៖ ក្នុងមួយថ្ងៃៗមនុស្សកុហកខ្លួនឯងរាប់មិនអស់ ដូចជាពេលខ្លួនគ្មានចិត្តចង់ធ្វើអ្វីមួយយើងតែងនិយាយថាមិនសំខាន់ ទោះវាជាកិច្ចការសំខាន់ក៏ដោយ។ ពេលខ្លះមតិយោបល់ដ៏ត្រឹមត្រូវ តែបើខុសពីចិត្តរបស់យើង យើងក៏មិនព្រមទទួលស្គាល់ បុគ្គលខ្លះដែលយើងចូលចិត្ត ទោះជាប្រព្រឹត្តខុសធ្ងន់ធ្ងរក៏យើងយោគយល់ ចំណែកបុគ្គលខ្លះដែលយើងមិនចូលចិត្ត ទោះជាគេធ្វើត្រូវក៏យើងនៅតែមិនទទួលស្គាល់... ហេតុនេះប្រការដំបូងដែលយើងគួរយកឈ្នះ គឺយកឈ្នះលើការកុហកខ្លួនឯងឲ្យបាន។”
Kim Channa
“ការសេពគប់ ៖ ពាក្យបុរាណពោលថា "គប់បណ្ឌិត កុំគប់ពាល" ក្នុងជីវិតពិត បុគ្គលដែលយើងសេពគប់ រាប់ទាំងអ្នកក្រៅនិងអ្នកដែលយើងជួបមុខរាល់ថ្ងៃ សុទ្ធតែមានពីរប្រភេទ។ ប្រភេទទី១ ជាអ្នកជួយបង្កើតរឿងល្អៗដល់យើង ជួយឲ្យយើងចម្រើនទាំងប្រាជ្ញាស្មារតី ប្រភេទទី២ ជាអ្នកដែលព្យាយាមកាត់បន្ថយថាមពលពីខ្លួនអ្នកគ្រប់ពេលវេលា កាត់បន្ថយកម្លាំងចិត្ត សតិអារម្មណ៍ ឬអូសទាញអ្នកឲ្យដើរថយក្រោយ ឬចាំបំផ្លិចបំផ្លាញអ្នក។ វាអាចជារឿងអាត្មានិយមបន្តិចដែលថា ជោគជ័យឬបរាជ័យរបស់បុគ្គលម្នាក់ៗបើពិនិត្យរកមើលដើមហេតុមើលទៅ យើងនឹងរកឃើញថា វារីកចម្រើនទៅមុខឬថយក្រោយ ព្រោះតែបុគ្គលសំខាន់ៗដែលគេសេពគប់នោះឯង។”
Kim Channa
“ការឲ្យនិងការទទួល ៖ ការឲ្យនិងការទទួលប្រៀបដូចចរន្តឈាមដែលហូរចេញចូលដូច្នោះ។ បើឈាមមិនហូរចេញក៏ពុំមានកន្លែងឲ្យឈាមហូរចូល ថ្វីត្បិតតែវាមានមុខពីរ តែវាជារបស់តែមួយ ព្រោះបើអ្នកបិទផ្លូវចេញ វាក៏ធ្វើឲ្យស្ទះផ្លូវចូលដូចគ្នា ហើយចរន្តឈាមទាំងមូលនឹងត្រូវគាំង។ ដូចគ្នាដែរ ពេលអ្នកចង់បានអ្វី អ្នកត្រូវតែចុះទុន (ជាថាមពល កម្លាំង ឬជាដើមទុន) ។ ការឲ្យនិងការទទួលត្រូវផ្ទេរផ្ទូរគ្នាជាប្រចាំទើបវាបង្កើនកម្រិតកាន់តែខ្ពស់។ អ្នកមិនអាចចាំតែឲ្យរហូត ឬចាំតែទទួលរហូតបានទេ ព្រោះបើបិទមុខចរន្តណាមួយ វានឹងធ្វើឲ្យចរន្តមួយទៀតត្រូវរាំងស្ទះដូចចរន្តឈាមដូច្នោះដែរ។
ការឲ្យដ៏ពិតប្រាកដ ៖
ការឲ្យដ៏ពិតប្រាកដគឺជាការឲ្យដែលបង្កឲ្យមានក្តីសុខទាំងអ្នកឲ្យនិងអ្នកទទួល។ នៅពេលណាការឲ្យរបស់អ្នកធ្វើឲ្យអ្នកទទួលអារម្មណ៍ថាខ្លួនត្រូវបាត់បង់អ្វីម្យ៉ាង ការឲ្យនេះមិនចាត់ទុកថាជាការឲ្យដ៏ពិតប្រាកដទេ៕”
Kim Channa
“លុយ ការងារ និងសេចក្តីសុខ ៖ មានមនុស្សជាច្រើនខំធ្វើការសន្សំលុយ ពេលបានលុយមកហើយទើបយកលុយទៅទិញសេចក្តីសុខ។ ពេលធ្វើការប្រៀបដូចនៅក្បែរភ្នក់ភ្លើង ខ្លះប្រើពេលរាប់អាទិត្យ រាប់ខែ រាប់ឆ្នាំ ទម្រាំបានលុយយកទៅទិញសេចក្តីសុខម្តងៗ។ ផ្ទុយពីមនុស្សមួយចំនួនទៀត គេធ្វើការដែលខ្លួនពេញចិត្ត ធ្វើការដែលខ្លួនស្រឡាញ់ ធ្វើតាមក្តីសុបិន គេមានសេចក្តីសុខនៅរៀងរាល់ម៉ោងធ្វើការ មិនព្រួយបារម្ភពីរឿងមានលុយឬអត់លុយដើម្បីយកទៅទិញក្តីសុខ។ ពិតមែនហើយលុយជួយសម្រួលអ្វីៗបានច្រើនយ៉ាង តែពុំមែនគ្រប់យ៉ាងនោះទេ ព្រោះមានអ្នកក្រជាច្រើនដែលដេកលក់ស្រួលនិងមានក្តីសុខជាងអ្នកមានមួយចំនួន ដែលគ្មានបញ្ញាក្នុងការរកសេចក្តីសុខឲ្យខ្លួនឯង?”
Kim Channa
“ការអប់រំកែប្រែមនុស្សអាក្រក់ឲ្យទៅជាល្អពុំមែនមានន័យថាទៅកម្ចាត់ចំណុចអាក្រក់របស់គេទេ តែត្រូវព្យាយាមបញ្ចូលសេចក្តីល្អទៅលើចិត្ត គំនិត ស្មារតីរបស់គេឲ្យបានច្រើន ប្រៀបដូចបញ្ចូលទឹកថ្លាទៅក្នុងពាងដែលពេញដោយទឹកល្អក់ បើទឹកថ្លាចូលកាន់តែច្រើន បរិមាណទឹកល្អក់ក៏កាន់តែតិចទៅៗតាមនោះដែរ។ ផ្ទុយទៅវិញ ធម៌ក្តៅគេប្រើសម្រាប់ទប់ស្កាត់ក្នុងករណីចាំបាច់ម្តងម្កាលប៉ុណ្ណោះ តែពុំមែនជាវិធីសម្រាប់ប្រើជាអចិន្រ្តៃយ៍ឡើយ។ គួរឲ្យសោកស្តាយដែលមនុស្សតែងប្រើវិធីលឿនរហ័ស តែខុសឆ្គង។”
Kim Channa
“កំហុសឆ្គង ៖ ដោយធម្មជាតិរបស់មនុស្សគ្មាននរណាចង់ប្រព្រឹត្តអំពើអាក្រក់ទេ ម្នាក់ៗសុទ្ធតែចង់ធ្វើល្អឲ្យគេគោរពស្រឡាញ់ ឲ្យគេទទួលស្គាល់ ហេតុនេះពេលឃើញបុគ្គលណាម្នាក់ប្រព្រឹត្តខុស យើងគួរតែស្រាវជ្រាវរកដើមហេតុសិនពុំមែនចាំតែចាប់កំហុសនោះទេ ព្រោះការចាំតែចាប់កំហុសវាជារឿងចុងហេតុ ដែលមិនអាចដោះស្រាយបញ្ហាបានទេ។ យើងអាចកត់សម្គាល់ពីមូលហេតុនៃការប្រព្រឹត្តខុសរបស់មនុស្សមានដូចជា ៖ ១) ភាពអវិជ្ជា ការចេះមិនដល់ ពិចារណាមិនបានស៊ីជម្រៅ ២) សម្ពាធ... មនុស្សខ្លះអាចរងសម្ពាធម្យ៉ាងៗ ដូចជាកង្វះខាតជីវភាព លក្ខខណ្ឌធម្មជាតិ ដើម្បីរស់រានមានជីវិត ៣) ផលប្រយាជន៍ ការលោភលន់(ទ្រព្យ អំណាច បុណ្យសក្តិ) ៤) ភាពទិដ្ឋិមានះ មានតែអញ ៥) វិកលចរិត។ កំហុសនីមួយៗអាចប្រព្រឹត្តទៅដោយកត្តាមួយឬច្រើនកត្តារួមផ្សំគ្នា។ កំហុសខ្លះមិនសូវជាធ្ងន់ធ្ងរទេបើមិនប៉ះពាល់ដល់អ្នកដទៃ តែកំហុសខ្លះដែលបំពារបំពានផលប្រយាជន៍ឬជីវិតអ្នកដទៃនោះគឺជាវិបត្តិដែលតែងកើតឡើងជាញឹកញាប់ក្នុងសង្គមមនុស្សនិងនៅតែជាបញ្ហាធំរបស់មនុស្ស។ មនុស្សអាចជៀសវាងកំហុសបំពារបំពានបានដោយការហ្វឹកហាត់ចិត្ត និងថ្លឹងថ្លែងរវាងខ្លួនឯងនិងអ្នកដទៃដែលថា "ពេលយើងប្រព្រឹត្តអ្វីមួយទៅលើគេ បើគេប្រព្រឹត្តបែបនោះមកលើយើងតើយីងគិតដូចម្តេច?”
Kim Channa
“ការឲ្យនិងការទទួល(ត) ៖ ការហ្វឹកប្រតិបត្តិច្បាប់នែការឲ្យនិងការទទួលគឺជារឿងងាយបំផុត។
បើអ្នកចង់បានក្តីសុខ អ្នកត្រូវផ្តល់ក្តីសុខដល់អ្នកដទៃ
បើអ្នកចង់បានក្តីស្រឡាញ់ អ្នកត្រូវរៀនផ្តល់ក្តីស្រឡាញ់ដល់អ្នកដទៃ បើអ្នកចង់បានការលើកសរសើរ អ្នកត្រូវរៀនពីវិធីសរសើរអ្នកដទៃ
បើអ្នកចង់បានមាសប្រាក់ទ្រព្យសម្បត្តិ អ្នកត្រូវជួយឲ្យអ្នកដទៃមានមាសប្រាក់ទ្រព្យសម្បត្តិ...។ តាមពិតទម្រង់នៃការឲ្យដ៏មានអានុភាពបំផុតពុំមែនជាការឲ្យជាវត្ថុឬរបស់នោះទេ ការផ្តល់នូវក្តីបារម្ភ ការយកចិត្តទុកដាក់ ការលើកសរសើរ ក្តីមេត្តាករុណា និងក្តីស្រឡាញ់ គឺជាប្រភេទអំណោយដ៏មានតម្លៃបំផុត គួរឲ្យស្តាយ អ្វីទាំងនេះសុទ្ធតែជាការឲ្យដោយគ្មានត្រូវចំណាយអ្វីហើយមានតម្លៃខ្ពស់ តែមនុស្សជាច្រើនបែរជាកំណាញ់ទៅវិញ!!!”
Kim Channa
“អត្តចរិតល្អសំដៅលើកាយ វាចា ចិត្ត ដែលប្រកាន់យកភាពត្រឹមត្រូវជាគោល ឬនិយាយជាឧទាហរណ៍ងាយៗដូចជា រឿងដែលខ្លួនឯងមិនទទួលតែរុញឲ្យអ្នកដទៃទទួលជាដើម។ អត្តចរិតល្អអាចសំដៅដល់ការគោរពក្រមសីលធម៌ផង(ក្នុងករណីបរិយាកាសធម្មតា) តែក៏ត្រូវឲ្យសមស្របតាមសភាវធម្មជាតិផងដែរ(ក្នុងករណីចាំបាច់) ឧទាហរណ៍ពេលឃ្លានខ្លាំងជិតដាច់ខ្យល់ យើងទៅលួចរបស់គេសុីដើម្បីបន្តជីវិត ក្នុងករណីនេះយើងក៏មិនអាចវាយតម្លៃបានដែរ។”
Kim Channa
“ការដាក់ខ្លួន ៖ មានអ្នកប្រាជ្ញគួរឲ្យគោរពជាច្រើនតែងទទួលស្គាល់ថា"ចំណេះវិជ្ជដែលយើងចេះ គឺបានដោយការរៀនសូត្រពីអ្នកដទៃទាំងអស់" និងមានអ្នកប្រាជ្ញគួរឲ្យគោរពម្នាក់ទៀត គឺសូក្រាត ពេលមានគេសួរថា តើគាត់ចេះអ្វីខ្លះ? គាត់ឆ្លើយថា "ខ្ញុំមិនចេះដឹងអ្វីទេ" ទន្ទឹមនឹងសូក្រាតមានមនុស្សទទួលស្គាល់ទូទាំងពិភពលោក។ ពេលនឹកដល់រឿងនេះខ្ញុំនឹកអាណោចអធ័មដល់អ្នកប្រាជ្ញ សម័យថ្មីមួយចំនួនដែលចូលចិត្តនិយាយថា"នេះជាទស្សនៈរបស់អញ" "គំនិតនេះជារបស់អញ" ធ្វើឲ្យប្រទេសយើងសម្បូរអ្នកប្រាជ្ញកៀរនឹងជើង សម្បូរអ្នកពូកែៗកៀរនឹងជើង តែអកុសល ប្រទេសបែរជាស្ថិតនៅលំដាប់ស្ទើរតែចុងពោចគេទៅហើយនៅតែមិនទាន់ភ្ញាក់ខ្លួនទៀត។ សង្ឃឹមថាយុវជនជំនាន់ក្រោយនឹងមិនគិតបែបនេះទៀតទេ គឺរៀនឲ្យច្រើន ធ្វើឲ្យបានល្ឌបំផុត លទ្ធផលពិតវានឹងប្រកាសចេញមកពីចក្រវាល ពុំមែនចេញពីមាត់ម្ចាស់ខ្លួនទេ។”
Kim Channa
“សម្បកក្រៅនិងសាច់ក្នុង៖ គួរឲ្យកោតសរសើរមនុស្ស។ អ្នកដែលមានសៀវភៅគរជុំវិញខ្លួនពុំមែនមានន័យថាគេបានអានវានោះទេ ឯអ្នកមានហ្គីតានៅក្នុងផ្ទះក៏ពុំមែនមានន័យថាគេចេះលេងហ្គីតាដែរ៕ មនុស្សចង់ធ្វើជាអ្វីក៏អាចធ្វើបានទាំងអស់ ឬបើនិយាយឲ្យស្រួលស្តាប់ មនុស្សចង់សម្តែងតួជាបុគ្គលប្រភេទណាក៏បាន ឲ្យតែគេចង់៕ ពិតហើយមនុស្សអាចសម្តែងសម្បកក្រៅបាន តែទោះបីជាយ៉ាងណាក៏នៅតែមិនអាចលាក់សាច់ក្នុងបានឡើយ គឺនៅពេលគេដែលគេចាប់ផ្តើមលេងហ្គីតានោះឯង៕”
Kim Channa
“ឆ្លាតវិជ្ជមាននិងឆ្លាតអវិជ្ជមាន ៖ បុគ្គលខ្លះបង្កើតរបររកស៊ីដោយផ្តល់ផលប្រយោជន៍ដល់កូនចៅយ៉ាងយុត្តិធម៌ ពេលរកស៊ីមានបាន កូនចៅក៏ទទួលប្រយោជន៍សមស្រប មានសេចក្តីសុខ បរិស្ថានល្អ កូនចៅកាន់តែខំប្រឹងប្រែងអស់ពីចិត្តក្នុងការអភិវឌ្ឍមុខរបរឲ្យចម្រើនទៅមុខ។
ផ្ទុយទៅវិញ បុគ្គលខ្លះឆ្លាត បង្កើតមុខរបររកស៊ីមានបានតែម្នាក់ឯង ចំណែកកូនចៅមិនបានទទួលផលប្រយោជន៍ដ៏សមស្រប គ្មានសេចក្តីសុខ គ្មានយុត្តិធម៌ មានគម្លាតកាន់តែឆ្ងាយរវាងកូនចៅនិងថៅកែ បរិស្ថានអាប់អួរ កូនចៅត្រូវធ្វើការទាំងបង្ខំចិត្ត ទីបំផុតក៏បញ្ចេញសកម្មភាពបះបោរប្រឆាំង រហូតដល់មានបដិវត្តន៍កើតឡើង ចង់មិនចង់របរនោះនឹងរង្គោះរង្គើឬរលំ ធ្លាក់មកចំណុចសូន្យដដែល។ បើនិយាយឲ្យងាយស្តាប់ ឆ្លាតវិជ្ជមានគឺឆ្លាតរកប្រយោជន៍ឲ្យខ្លួនឯងនិងសមូហភាពព្រមៗគ្នា ឯឆ្លាតអវិជ្ជមានគឺឆ្លាតរកប្រយោជន៍សម្រាប់បុគ្គល ចង់អ្នកដទៃងាប់អីក៏ងាប់ទៅ។ ប្រទេសរីកចម្រើនតែងសម្បូរមនុស្សឆ្លាតវិជ្ជមាន ផ្ទុយពីប្រទេសទន់ខ្សោយដែលសម្បូរមនុស្សឆ្លាតអវិជ្ជមាន ដែលមានចាប់ពីជនសាមញ្ញរហូតដល់ថ្នាក់ដឹកនាំ។”
Kim Channa
“ចំណងទាក់ទង ៖ ពិតណាស់ថាមនុស្សមានកាតព្វកិច្ចទទួលខុសត្រូវលើទង្វើរបស់ខ្លួន ដែលជាការទទួលខុសត្រូវលើផ្នែកដ៏តូចមួយ។ ប៉ុន្តែទន្ទឹមគ្នានេះ មនុស្សមិនអាចរស់នៅតែម្នាក់ឯងបានទេ គឺត្រូវតែមានការពឹងពាក់គ្នា ជួយគ្នា រួមប្រាស្រ័យគ្នាប្រកបដោយមនសិការរួម(ដូចជាមនសិការជាតិជាដើម) ដែលតម្រូវឲ្យមនុស្សត្រូវមានការទទួលខុសត្រូវលើផ្នែកដែលធំជាងមុន គឺសង្គម ឬជាតិ ឬមនុស្សជាតិ។ ហេតុនេះមនុស្សក្នុងជាតិតែមួយប្រៀបដូចសរីរាង្គក្នុងខ្លួនមនុស្សតែម្នាក់ បើសរីរាង្គណាមួយឈឺចាប់ ម្ចាស់ខ្លួនក៏ឈឺចាប់ ឬបើក្រុមណាមួយទៅបង្កការឈឺចាប់ដល់ក្រុមណាមួយ សង្គមឬជាតិក៏នឹងត្រូវឈឺចាប់ ហើយការឈឺចាប់នោះនឹងរាលដាលមករកម្ចាស់ដើមជាដដែល។ ជាការគួរឲ្យសោកស្តាយ ដែលមនុស្សជាច្រើនអួតអាងថាស្រឡាញ់ជាតិ(មានមនសិការរួម) ប៉ុន្តែបែរជាមិនយល់ពីពាក្យស្រឡាញ់ជាតិឲ្យដល់ទីជម្រៅឡើយ ឬមួយគេប្រើពាក្យនេះដើម្បីផលប្រយោជន៍អ្វីផ្សេង?”
Kim Channa
“អំពីចក្ខុវិស័យ (vision) ៖ មនុស្សជាច្រើនសម្លឹងមើលទៅក្នុងបឹងមួយឃើញខុសៗគ្នា ៈ
(ក) មើលឃើញទឹកថ្លាឆ្វង់
(ខ) មើលឃើញត្រីហែលក្នុងទឹក
(គ) មើលដឹងថាមានត្រីពីរតោននៅក្នុងបឹង
(ឃ) មើលឃើញកំណប់ទ្រព្យដ៏ច្រើនដែល បានមកពីយកទឹកបឹងទៅប្រើប្រាស់...
អ្វីទាំងនេះគឺចក្ខុវិស័យរបស់ពួកគេម្នាក់ៗ
ជតាជីវិតរបស់យើងនឹងមិនឣាចទៅឆ្ងាយហួសពីឣ្វីដែលម្ចាស់ខ្លួនមើលឃើញនោះទេ!
ចក្ខុវិស័យគ្មានដែនកំណត់ គ្មានទីបញ្ចប់ កុំឲ្យតែយើងបញ្ចប់ដោយខ្លួនឯង។”
Kim Channa
“មោទនភាព បើចេះប្រើ វានឹងជួយបង្កើនថាពលឲ្យយើងធ្វើការប្រកបដោយប្រសិទ្ធភាពខ្ពស់ តែបើមិនចេះប្រើ វានឹងធ្វើឲ្យយើងក្លាយជាមនុស្សក្រអឺតក្រទម។”
Kim Channa
“អត្តចរិតកែបានឬមិនបាន? អ្នកខ្លះថាដូចជាពិបាកសម្បើមណាស់។ តាមពិតការកែប្រអត្តចរិតមិនល្អមកជាអត្តចរិតល្អវាអាស្រ័យតែលើកត្តាពីរយ៉ាងប៉ុណ្ណោះគឺ ១) ភ្ញាក់រឭក ២) ការសម្រេចចិត្ត។ ហេតុនេះដើម្បីផ្លាស់ប្តូរអត្តចរិត អ្នកត្រូវតែផ្លាស់ប្តូរការសម្រេចចិត្តរបស់ខ្លួនជាមុន។ អ្វីដែលអ្នកគិត អ្វីដែលអ្នកជ្រើសរើស និងអ្វីដែលអ្នកប្រព្រឹត្តវានឹងផ្តល់ផលមកឲ្យអ្នកបន្តិចម្តងៗនាថ្ងៃមុខ។ ផលល្អក្នុងថ្ងៃនេះវាជលទ្ធផលពីការសម្រេចចិត្តម្សិលមិញ ផលល្អនៅថ្ងៃមុខ វាជាលទ្ធផលនៃការសម្រេចចិត្តពេលបច្ចុប្បន្ន៕”
Kim Channa
“បញ្ញាគំនិត និង បញ្ញាចិត្ត ៖ ជាទូទៅយើងតែងយល់ថាបញ្ញាជារឿងតែមួយបែប។ តែលុះពេលយើងពិនិត្យទៅលើបុគ្គលខ្លះដែលរៀនបានខ្ពង់ខ្ពស់តែអន់ចរិត គ្មានសីលធម៌ ទើបយើងងាកមកពិចារណារអំពីបញ្ញានេះសាជាថ្មី។
បញ្ញាគំនិត ៖ គឺភាពឆ្លាតវៃផ្នែកការគិត មានទិន្នន័យចំណេះដឹង មានឯកទេសេលីកិច្ចការផ្សេងៗ ហើយយកការគិតនោះមកប្រតិបត្តិទ្រទ្រង់ជីវិត និងប្រកបអាជីពផ្សេងៗ។
បញ្ញាចិត្ត ៖ គឺភាពឆ្លាតវៃខាងផ្លូវចិត្តនិងអារម្មណ៍ ភាពឆ្លាតវៃផ្នែកប្រាស្រ័យទាក់ទងខាងផ្លូវចិត្តនិងអារម្មណ៍ ភាពឆ្លាតវៃក្នុងការតបស្នងផ្លូវចិត្តនិងអារម្មណ៍ ដើម្បីឲ្យដំណើរផ្លូវចិត្តរបស់ខ្លួនឯងនិងបុគ្គលជាប់ទាក់ទងមានភាពរលូនប្រកបដោយក្តីស្ងប់សុខក្នុងចិត្តុ។ ជាទូទៅពីក្មេងតូចមក បញ្ញាចិត្តកើតឡើងដោយសភាវគតិ មនុស្សចេះស្រឡាញ់ ចេះស្អប់ សប្បាយ កើតទុក្ខ ច្រណែននិន្ទាទៅតាមធម្មជាតិ តែអ្វីទាំងនេះបើយើងមិនបានអភិវឌ្ឍវាទេ មនុស្សនឹងមិនអាចមានភាពចាស់ទុំបានទេ។ ហេតុនេះពេលមនុស្សបានរៀនសូត្រ ចេះគិតពិចារណាប្រៀបធៀបរវាងចិត្តនិងអារម្មណ៍ ខ្លួនឯងនិងអ្នកដទៃហើយ ទើបអាចរកឃើញផលវិបាកនៃការតបស្នងផ្លូវចិត្តណាដែលមិនត្រឹមត្រូវ ហើយព្យាយាមហ្វឹកហាត់ពត់ចិត្ត កែលម្អឲ្យសមស្របបន្តិចម្តងៗ។ ចិត្តដែលបានកែលម្អនោះនឹងប្រកបដោយក្តីស្រឡាញ់ ក្តីមេត្តាករុណា ថយចុះនូវអត្តា មានការគោរពចំពោះអ្នកដទៃជាដើម ហើយវាកើតឡើងដោយសុទ្ធចិត្ត ពុំមែនជាការសម្តែងទេ។ បញ្ញាគំនិតអាចរៀនសូត្របានឆាប់រហ័ស ដូចជាយើងរៀនអក្សរ រៀនលេខជាដើម តែបញ្ញាចិត្តត្រូវការពេលបណ្តុះយូរណាស់ ព្រោះចិត្តមនុស្សមិនអាចមើលឃើញ ហើយប្រែប្រួលលឿនណាស់ មិនអាចដឹងតែម្តងឬអានគម្ពីរចេះហើយមនុស្សអាចអនុវត្តបានភ្លាមៗនោះទេ វាតម្រូវឲ្យមានការស្វែងយល់និងហ្វឹកហាត់ជាប្រចាំរៀងរាល់ថ្ងៃ ព្រោះបើមើលគម្ពីរតែម្តងអាចធ្វើបាន លើលោកនេះប្រហែលគ្មានមនុស្សអាក្រក់ទេ។”
Kim Channa
“ដែកនិងស្នោ ៖ មានមនុស្សច្រើនណាស់ដែលតែងតាំងខ្លួនជាដែក (ជាមនុស្សពិសេសអស្ចារ្យលើសអ្នកដទៃ) ទន្ទឹមនឹងការពិត មនុស្សគ្រាន់តែជាសត្វដ៏តូចបំផុតក្នុងចក្រវាល។ សម្រាប់ខ្ញុំ ខ្ញុំសូមកោតសរសើរបុគ្គលដែលចេះតាំងខ្លួនជាស្នោ ព្រោះទោះជាមានទឹកជំនន់ឡើងដល់កម្រិតណាក៏ស្នោតែងអណ្តែតលើទឹកជានិច្ច ផ្ទុយពីដែក ឲ្យតែពេលណាមានភ្លៀងផ្គរ ទឹកឡើងតែបន្តិចគេក៏សំងំនៅនឹងបាតទឹក ងើបលែងរួចទៅហើយ។”
Kim Channa
“រាក់និងជ្រៅ ៖ យើងតែងសង្កេតឃើញថា បុគ្គលខ្លះមានសមត្ថភាពរំសាយរឿងធំៗ រឿងស្មុគស្មាញឲ្យមកជារឿងតូចៗ សាមញ្ញ ងាយដោះស្រាយ។ ខ្ញុំទទួលស្គាល់ថា គេជាមនុស្សពូកែ មានគំនិតទូលំទូលាយ ស៊ីជម្រៅ។ ចំណែកបុគ្គលមួយប្រភេទទៀត ច្រើនយករឿងតូចតាចកំប៉ិកកំប៉ុកមកបំប៉ោងឲ្យឃើញដូចជាធំដំសម្បើមណាស់ វិធីបែបនេះ ទោះបីជាក្នុងចេតនារាក់ជ្រៅអ្វី បានប្រយោជន៍តិចឬច្រើន សម្រាប់ខ្ញុំ ពេលខ្លះខ្ញុំសូមសរសើរដែលគេអាចធ្វើបាន តែខ្ញុំនៅតែមានអារម្មណ៍ថាវាជាវិធីរាក់ៗ ជាវិធីរបស់មនុស្សកំប៉ិកកំប៉ុក ឬមនុស្សទាល់ច្រកដដែល ព្រោះមនុស្សដែលមានតម្លៃគួរឲ្យគោរព ទោះជាមានផលខាតចំណេញដល់ខ្លួនឯង ក៏គេមានសតិសម្បជញ្ញៈគ្រប់គ្រាន់ក្នុងការទប់ស្កាត់ខ្លួនឯង
មិនព្រមប្រព្រឹត្តរឿងដែលគួរឲ្យអស់សំណើចឡើយ។”
Kim Channa
“ស្មារតី និង សម្ភារៈ ៖ ការរីកចម្រើនសព្វបែបបយ៉ាងត្រូវតែធ្វើយ៉ាងណាឲ្យផ្នែកស្មារតី និងសម្ភារៈដើរទន្ទឹមគ្នា។ បើរីកចម្រើនតែផ្នែកណាមួយ គឺគេចមិនរួចពីវិបត្តិ ព្រោះផ្នែកមួយទៀតនឹងទាញត្រឡប់ថយក្រោយវិញមិនខាន ឩទាហរណ៍ បុគ្គលដែលមានលុយច្រើនដោយចៃដន្យ(ដូចជាត្រូវឆ្នោត ទទួលមរតក) ហើយពុំមានបញ្ញាគ្រប់គ្រាន់ដើម្បីរក្សា វានឹងរលាយអស់ទៅវិញ ឬបុគ្គលមានបញ្ញា តែមិនបានយកទៅប្រើឲ្យកើតប្រយោជន៍ បញ្ញាដែលមានក៏គ្មានតម្លៃ។
ការដឹកនាំដែលតម្រង់ទៅលើផ្នែកសម្ភារៈ តែមិនបានអភិវឌ្ឍផ្នែកស្មារតី នោះនឹងមិនអាចគង់វង្សយូរអង្វែងឡើយ។ ផ្ទុយទៅវិញ បើគេអាចយកឈ្នះផ្នែកស្មារតីបាន គេនឹងអាចយកឈ្នះផ្នែកសម្ភារៈបាន។ ខ្ញុំសូមសរសើរវីរជនបីនាក់ដែលអាចធ្វើបែបនេះបាន គឺ មហាត្មៈ គន្ធី នេលសាន់ ម៉ាន់ដេឡា និង ហូជីមិញ។ ពួកគាត់គ្មានទ្រព្យសម្បត្តិអ្វីច្រើនទេ ទ្រព្យសម្បត្តិរបស់គាត់ គឺស្មារតីប្រជាជន ហើយទ្រព្យសម្បត្តិទាំងនោះចាយមិនចេះអស់ទេ រាប់ពាន់ឆ្នាំទៀត ក៏មិនបាត់ទៅណា កាន់តែយូរកាន់តែកើន។ តើពេលណាទៅទើបខ្មែរយើងអាចរកឃើញ មហាវីរជនដូចពួកគាត់ទាំងនោះ?”
Kim Channa
“ការទទួលខុសត្រូវ ៖ មានសុភាសិតបុរាណមួយពោលថា "មនុស្សខ្វះអ្វីខ្វះចុះ កុំឲ្យតែខ្វះការទទួលខុសត្រូវ" ។ ដោយភាគច្រើនបុគ្គលគេចវេះពីការទទួលខុសត្រូវ ច្រើនតែជាបុគ្គលអសមត្ថភាព អវិជ្ជា ឬបុគ្គលមុខក្រាសដែលគ្មានការខ្មាសអៀន។ ខ្ញុំពេញចិត្តនឹងពំនោលរបស់ អាប្រាហាម លិងខូលន៍ ដែលបានពោលថា "ការគេចវេះ មិនទទួលខុសត្រូវក្នុងថ្ងៃនេះមិនអាចជួយឲ្យអ្នកគេចផុតពីការទទួលខុសត្រូវនៅថ្ងៃស្អែកបានទេ" រាប់ថាជាគតិដ៏ត្រឹមត្រូវបំផុត។”
Kim Channa